ឧបាសិកា សុទ្ធោ បុប្ផានី គឺជាអតីតមិត្តរួមជំនាន់សាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០នាទីព្រឹក ក្នុងជន្មាយុ៥៤ ឆ្នាំដោយរោគាពាធ ហើយជាស្ត្រីមេម៉ាយមានកូន០២នាក់ ខ្វះលទ្ធភាព និងញាតិមិត្តធ្វើបុណ្យសពឱ្យផងនោះ។

ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក មួយក្រុមរួមមានទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាមួយចំនួន ទឹកសុទ្ធ ភេសជ្ជៈចម្រុះ ទៅប្រគល់ជូនគ្រួសារសពឧបាសិកា សុទ្ធោ បុប្ផានី ដើម្បីរៀបចំធ្វើពិធីបុណ្យសព។ ក្រុមអតីតសិស្សសាលាបាក់ទូកម្នាក់ៗ បាននាំគ្នាចូលរួមជាថវិកា តាមសទ្ធារៀងៗខ្លួន សម្រាប់រ៉ាប់រងការចំណាយធ្វើបុណ្យសពឧបាសិកា សុទ្ធោ បុប្ផានី រហូតដល់ចប់រួចរាល់ ហើយកន្លងមកនៅពេលដែលឧបាសិកា សុទ្ធោ បុប្ផានី នៅមានជីវិតហើយមានជំងឺចូលមន្ទីរពេទ្យម្ដងៗគឺមិត្តរួមជំនាន់តែងតែរួមគ្នាជួយចេញឧបត្ថម្ភថ្លៃព្យាបាលជាបន្តបន្ទាប់ផងដែរ។ សពឧបាសិកា សុទ្ធោ បុប្ផានី ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

កាយវិការ ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយក្រុមនេះ គឺតែងតែធ្វើជាប់ជាប្រចាំ ចំពោះអតីតលោកគ្រូអ្នកគ្រូគ្រប់គ្នា និងជួយដល់មិត្តរួមជំនាន់ដែលជួបការលំបាកហើយខ្វះលទ្ធភាព មកជាច្រើនឆ្នាំមកហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ហើយកាយវិកា នាពេលនេះ បានទទួលការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីក្រុមគ្រួសារនៃសពផងដែរ៕

 

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងពីជនរងគ្រោះជាជនជាតិបរទេសម្នាក់តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដោយអះអាងថា ខ្លួនបានចូលទៅ ហាងម៉ាស្សាមួយកន្លែងយីហោ ”ម៉ាស្សាបែបបុរាណ” ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីម៉ាស្សារួចខ្លួនក៏ត្រឡប់ទៅសណ្ឋាគារវិញ ក៏បាន
ដឹងថាខ្លួនត្រូវបានគេលួចដូរលុយដុល្លារពិតប្រាកដដាក់លុយដុល្លារក្លែងក្លាយចំនួន 1,400$ ខ្លួនក៏បានពិភាក្សាជាមួយបុគ្គលិកសណ្ឋាគារ ហើយបុគ្គលិកសណ្ឋាគារណែនាំឲ្យខ្លួនទូរសព្ទប្តឹងទៅសមត្ថកិច្ចតែម្ដង។ បន្ទាប់ពីទទួលបានបណ្តឹង រហូតមកដល់ម៉ោង២៣និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានឆ្មក់ចូលបង្ក្រាបឆែកឆេរទីតាំងហាងម៉ាស្សាខាងលើ រកឃើញបន្ទប់ម៉ាស្សាមានចំនួន០២បន្ទប់ និងរកឃើញមានច្រកទ្វាសម្ងាត់មួយទៀតដែលនៅក្បែរបន្ទប់ម៉ាស្សា ច្រកទ្វាសម្ងាត់នោះអាចចូលជំហៀងខាងស្តាំទៅពីខាងក្រោយបន្ទប់ម៉ាស្សា ហើយនៅតាមបន្ទប់ម៉ាស្សាទាំងពីរគឺមានទូដាក់ខោអាវរបស់ភ្ញៀវ តែនេះជាការក្លែងបន្លំភ្នែកភ្ញៀវប៉ុណ្ណោះ ព្រោះនៅខាងក្រោយទូគឺមានទ្វាសម្ងាត់មួយទៀតដែលអាចបើកសម្រាប់លួចដូរលុយរបស់ភ្ញៀវបាន។ ក្រោយមកជំនាញបានឃាត់ខ្លួនមនុស្សសរុបចំនួន០៧នាក់ (ស្រី០៥) ព្រមទាំងដកហូតប្រាក់ដុល្លារក្លែងក្លាយមួយចំនួននាំយកមកអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់ពីធ្វើការស្រាវជ្រាវកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានបន្តធ្វើការចុះឆែកឆេរនៅទីតាំងទីពីរដាក់ស្លាកយីហោ”ម៉ាស្សា”ស្ថិតនៅផ្ទះលេខ181 ផ្លូវលេខ63 ភូមិ02 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានថៅកែឈ្មោះ ស្រស់(គេចខ្លួន) រួចចាប់ខ្លួនជនសង្ស័យជាអ្នកមើលការខុសត្រូវចំនួន០១នាក់ឈ្មោះ តុង យុទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ និងរកឃើញបន្ទប់ម៉ាស្សា និងច្រកសម្ងាត់សម្រាប់ចូលបើកទូលួចដូរលុយភ្ញៀវ ព្រមទាំងរកឃើញលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹក បន្ទាប់មកទៀតជំនាញបានបន្តឆែកឆេរនៅទីតាំងទីបី ដាក់ស្លាកយីហោម៉ាស្សា ម៉ាស្សា ស្ថិតនៅផ្ទះលេខ11 ផ្លូវលេខ278 ភូមិ05 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រកឃើញបន្ទប់ម៉ាស្សា និងច្រកសម្ងាត់ ព្រមទាំងលុយដុល្លាក្លែងក្លាយជាច្រើន នាំយកមកដើម្បីចាត់ការបន្តតាមនីតិវិធី។ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមកកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញជនសង្ស័យជាប់ពាក់ព័ន្ធក្នុងអំពើល្មើសខាងលើមានចំនួន០៥នាក់រួមមាន៖ 1- ឈ្មោះ ផេង សុខឡៃ ភេទស្រី អាយុ៤៤ឆ្នាំ, 2-ឈ្មោះ អឿន សំអន ភេទប្រុស អាយុ៤៧ឆ្នាំ, 3-ឈ្មោះ តុង យុទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ, 4-ឈ្មោះ ទ្រី ស៊ីម៉ា ភេទស្រី អាយុ២៣ឆ្នាំ, 5-ឈ្មោះ ទុយ ម៉ែងហ័ង ភេទស្រី អាយុ១៩ឆ្នាំ។ ចំណែកឯអ្នកមិនពាក់ព័ន្ធចំនួន០៣នាក់ទៀតអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង០៥នាក់ខាងលើបានសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតប្រាកដមែន។

ជនសង្ស័យទាំង០៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

នារសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ទិសដៅការងារបន្ត បទបញ្ជា-សភាពការណ៍ថ្មីៗ ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានកោតសរសើរ ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទភារកិច្ចកន្លងមក ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យ ក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានយ៉ាងខ្ជាប់ខ្ជួន ទាំងកិច្ចការងារជំនាញ ការពារសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកធ្វើដំណើរកំសាន្ត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសបានបង្ការទប់ស្កាត់និងបង្ក្រាប ក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង, ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) ព្រមទាំងបទល្មើសៗផ្សេងៗ បានយ៉ាងម៉ឹងម៉ាត់ ស្របតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់បទបញ្ជាដល់ លោកមេបញ្ជាការរង ប្រធានមន្ទីរជំនាញ ក៏ដូចជា លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ត្រូវតែបន្តការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យនៅតែរក្សាបានស្នាដៃកាន់តែប្រសើរឡើងស្របស្ថានភាពសង្គម ជាពិសេសចំពោះមុខត្រូវយកចិត្តទុកដាក់ចូលរួម ជាមួយគណៈបញ្ជាការឯកភាពរាជធានី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់៕

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប!

រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។

ព្រមជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ស្របតាមបទបញ្ជានាយករដ្ឋមន្ត្រី ដោយធ្វើការទប់ស្កាត់និងបង្ក្រាបជាបន្តបន្ទាប់។ ជាថ្មីម្តងទៀត នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចាប់យក ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ រួមមាន ៖ បារីអេឡិកត្រូនិក(ម៉ាស៊ីន) ចំនួន៧៦៩ដើម និងក្បាលជក់ ចំនួន១,៩៣០ ព្រមទាំង ឃាត់ខ្លួនម្ចាស់ទីតាំងចំនួន០២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។