(កំពង់ចាម): នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះពិនិត្យសម្ភារៈ​ មធ្យោបាយធ្វេីការ​ និងសំណេះសំណាល​ សួរសុខទុក្ខ​កងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងការពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ។

គួររំលឹកថា រយៈពេល៩ ខែដើមឆ្នាំនេះ ករណីអគ្គិភ័យបានឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋ ទ្រង់ទ្រាយមធ្យម មាន៤ ករណី ស្ថិតក្នុងក្រុងកំពង់ចាម និងលក្ខណៈតូចតាច កើតឡើងតាមបណ្តាភូមិស្រុក ប៉ុន្តែគ្រប់ករណី គឺស្ថិតក្រោមការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អពីសមត្ថកិច្ចយើង។

ជាការលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមការចង់បានរបស់ប្រមុខថ្នាក់ដឹកនាំ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ ថ្លែងការកោតសរសើរ និងនាំយកថវិកាឧបត្ថម្ភរបស់រដ្ឋបានខេត្ត ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនឹងបានបំពេញនូវការខ្វះខាតសម្ភារៈ បរិក្ខារ សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែ មានប្រសិទ្ធភាព និងសាកសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យកងកម្លាំងយើងទាំងអស់ បន្តខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យទទួលបានជោគជ័យ ដើម្បីរក្សាបាននូវស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ៕

កោះកុង:ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ស្របតាមទស្សនៈ ធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មិនខុសគ្នាពីថ្នាក់ជាតិដែរ គឺមានបន្ទាត់គោលនយោបាយមួយដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយផ្តល់សារៈសំខាន់ចំពោះធនធានមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ស្របតាមគោលនយោបាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានរំលឹកពីភាពចាំបាច់នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល បានផ្ទេរសិទ្ធិអំណាច តួនាទី ភារកិច្ច និងមុខងារជាច្រើន ដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការផ្តល់សេវាតាមតម្រូវការរបស់ពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវការជាចាំបាច់នូវកាដឹកនាំប្រកបដោយគុណភាព និងការខិតខំអនុវត្តឱ្យបានសកម្ម ជាពិសេសការតាមដានត្រួតពិនិត្យ និងវាយតម្លៃនូវរាល់កិច្ចការ ដែលថ្នាក់ខេត្ត ទទួលខុសត្រូវ ទាំងចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ក្នុងន័យនេះឯកឧត្ដមអភិសន្តិបណ្ឌិត សង្ឃឹមជឿជាក់ថា លោកជំទាវ ឈី វ៉ា នឹងខិតខំបន្តទទួលខុសត្រូវលើការងារដឹកនាំ ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ បន្តពីលោកជំទាវមិថុនា ភូថង និងអភិបាលខេត្តជំនាន់មុន ដែលបានខិតខំពូនជ្រំកសាងសមិទ្ធផលជាច្រើន។

ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អតីតអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានគូសបញ្ជាក់នូវសមិទ្ធផលដែលរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់លោកជំទាវ ក្នុងរយៈពេលកន្លងមក សម្រេចបានជាច្រើន ជាពិសេសការចូលរួមចំណែកការពារសុខសន្តិភាព ការផ្តល់សេវារដ្ឋបាល ការធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងការកសាងសមិទ្ធផលរូបវន្តជាច្រើន។

លោកជំទាវអភិបាលខេត្ត ក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមគាំទ្ររបស់មន្ត្រីគ្រប់ថ្នាក់ គ្រប់ផ្នែក ចំណុះរដ្ឋបាលខេត្ត និងជាពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដែលជាលក្ខខណ្ឌសំខាន់សម្រាប់ការឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតរបស់រដ្ឋបាលខេត្ត។ លោកជំទាវ ក៏បានទទូចឱ្យបន្តផ្តល់ការគាំទ្រលោកជំទាវអភិបាលខេត្តថ្មី ដើម្បីឱ្យលោកជំទាវ កាន់តែមានលទ្ធភាពក្នុងការបន្តអភិវឌ្ឍខេត្តកោះកុង ឱ្យកាន់តែរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព។

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈ អភិបាលខេត្តកោះកុង បានថ្លែងអំណរព្រះរាជគុណព្រះករុណាព្រះអង្គម្ចាស់ជីវិតលើត្បូង ដែលបានចេញព្រះរាជក្រឹត្យតែងតាំងលោកជំទាវ ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងគោរពថ្លែងអំណរគុណចំពោះការផ្តល់សេចក្តីទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកជំទាវ ក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំ ចំណុះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ បន្តផ្តល់ការគាំទ្រ ចូលរួមជាមួយលោកជំទាវ ដើម្បីរួមគ្នាសម្រេចបាននូវវឌ្ឍនភាព បន្ថែមទៀតជូនខេត្តកោះកុង។

គួរកត់សម្គាល់ថា ក្នុងឱកាសថ្លែងសន្ទរកថា នាពិធីនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានណែនាំរដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្តកោះកុង និយាយដោយឡែក និងជារួមនៅទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាសំខាន់ៗជាអាទិ៍ បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ដែលជាបញ្ហាកំពុងកើតមានជារៀងរាល់ថ្ងៃ និងជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ អនុវត្តឱ្យបានសកម្ម និងខ្លាំងក្លា ដើម្បីប្រែក្លាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលបាននិយាយទាំងពីបញ្ហាគ្រឿងញៀន ក្មេងទំនើង និងលក្ខណសម្បត្តិផ្សេងៗទៀត សរុប ៧ចំណុច ឱ្យក្លាយទៅជាសមិទ្ធផលជាក់ស្ដែង៕

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ភូមិ សរុបចំនួន ៦៤៣៥ ប័ណ្ណ ស្ថិតនៅភូមិជ្រោយតាប៉ា ភូមិស្លាបតាអោន ភូមិចិនកោះ ភូមិកោះបៀ ឃុំគគីរ ភូមិកោះតេជោ និងភូមិកោះតេជោ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តស្លាកែត ភូមិស្លាបតាអោន ឃុំគគី ស្រុកកៀនស្វយ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការសរសើរ ដល់មន្ត្រីសូរិយោដីគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានយ៉ាងល្អប្រសើរ ឈនដល់ការចែកបណ្ណកម្មសិទ្ធិនាឱកាសនេះ ទទឹមនឹងនេះក៏ដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ទើបយើងអាចកសាងឯកសារ និងឈានដល់ការចេញបានកម្មសិទ្ធិជូនដល់កម្មសិទ្ធិករទាំងអស់នាថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងដីធ្លី គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការស្នាក់នៅ និងប្រើប្រាស់តាមតម្រូវការផង និងកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ព្រោះថាការចុះបញ្ជីដីធ្លី ដែលជាការផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋអោយបានលឿនដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របតាមគោលនយោបាយគន្លឹះចំនួន ៣គឺ (ការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ) ដូច្នេះទើបរាជរដ្ឋាភិបាលជំរុញក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់។

ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។
ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងព្រះសង្ឃ ដែលកន្លងមកបានផ្ដល់ការគាំទ្រទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិកា ដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក ជាពិសេសគ្រប់ៗគ្នាមានការគាំទ្រជាស្មារតីទៅដល់កងទ័ពជួបមុខរបស់យើង ក៏ដូចជាការផ្ដល់ការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការនានា ជាមួយប្រទេសជិតខាងពេលកន្លងមកនេះ និងសូមបន្តការគាំទ្រទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ ជូនដល់ដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក នៅតាមព្រំដែនបន្តទៀត។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ ការចុះបញ្ជីដីធ្លីនៅខេត្តកណ្ដាល បានបិទបញ្ចប់នៅស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ក្នុងចុះបញ្ជីចប់បានចំនួន ៦៨ឃុំ/សង្កាត់ លើ១២៧ឃុំ/សង្កាត់, ស្មើនឹងចំនួន៦១០ភូមិ លើ១០១០ភូមិ ស្មើនឹង៦១% នៃភូមិសរុបទូទាំងខេត្តកណ្ដាល។ ក្នុងនោះស្រុកចំនួន៤ បានបិទផ្សាយចប់ជាស្ថាពរ រួមាន៖ស្រុកអង្គស្នួល ស្រុកមុខកំពូល ស្រុកល្វាឯម និងស្រុកពញាឮ ត្រៀមចេញបណ្ណនាពេលខាងមុខ និងកំពុងត្រៀមបិទផ្សាយបន្តស្រុកចំនួន០៧ ចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៥នេះ។

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ទីចាត់ការផែនការ និងវិនិយោគខេត្ត អាជ្ញាធរក្រុង-ស្រុកនិងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំសហការគ្នាបានល្អ ក្នុងការរៀបចំសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ បានរួចរាល់ ទុកត្រៀមសម្រាប់ដាក់ជូនក្រុមប្រឹក្សាធ្វើការពិនិត្យនិងអនុម័តនាពេលខាងមុខ។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អង្គប្រជុំទាំងមូល សូមរួមគ្នាយកចិត្តទុកដាក់ពិនិត្យ និងចូលរួមផ្ដល់ជាមតិយោបល់ ពាក់ព័ន្ធទៅនឹងសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ឱ្យបានលម្អិតបន្ថែមទៀត ជាពិសេសទៅលើថវិកាប្រើប្រាស់ក្នុងការអនុវត្តគម្រោងឱ្យមានលក្ខណៈសមស្រប ធានាដល់ការសាងសង់គម្រោងដែលមានគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់របស់មូលដ្ឋានពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងម្ដងទៀត ដើម្បីលម្អិតឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ចំពោះរាល់គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំគិតគូរនូវរាល់គម្រោងរបស់ខ្លួនដែលបានលើកឡើងឱ្យបានកាន់តែច្បាស់លាស់ថែមទៀត ត្រៀមលើកឡើងជាមតិយោបល់ នៅក្នុងកិច្ចប្រជុំពេលក្រោយទៀតករណីគម្រោងដែលស្នើឡើងមិនទទួលបានការគាំទ្រ ត្រូវបន្តស្នើឡើងនៅឆ្នាំក្រោយទៀត។

សូមជម្រាបថា យោងតាមសេចក្តីព្រាងគម្រោងវិនិយោគខេត្តឆ្នាំ២០២៦ ខេត្តកណ្តាលមានចំនួន ៨៣គម្រោង ក្នុងនោះ ៖ ស្រុកកណ្តាលស្ទឹង ៥គម្រោង ស្រុកកៀនស្វាយ ៥គម្រោង ស្រុកខ្សាច់កណ្តាល ៥គម្រោង ស្រុកកោះធំ ៣គម្រោង ស្រុកលើកដែក ៣គម្រោង ស្រុកល្វាឯម ៣គម្រោង ស្រុកមុខកំពូល ៣គម្រោង ស្រុកអង្គស្នួល ៤គម្រោង ស្រុកពញាឮ ១២គម្រោង ស្រុកស្អាង ៧គម្រោង ក្រុងតាខ្មៅ ១៨គម្រោង ក្រុងសំពៅពូន ៤គម្រោង ក្រុងអរិយក្សត្រ ១០គម្រោង និងគម្រោងក្នុងខេត្តមាន ១គម្រោង។