Month: March 2026
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦


នៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើង ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។
ការបង្រ្កាបករណីទាំង០២រួមមាន ៖
-កាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ០១ក្រុម ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកសុវត្ថិភាព បានធ្វើសកម្មភាពកាប់ វាយ និង គប់ ទៅលើក្រុមជនរងគ្រោះ បណ្តាលឲ្យរងរបួសស្នាម និងរងការខូចខាត នៅចំណុច ក្បែរវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ភូមិ៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ២០ និង ៥៨ នាទីឈានដល់ការឃាត់ខ្លួនបានក្មេងទំនើង០១នាក់ មានឈ្មោះ ឈ្មោះ ផាន ភី ហៅ ឆាយ ឬ ម៉ាប់PB ភេទប្រុស អាយុ១៩ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
-កាលពីវេលាម៉ោងប្រមាណ ០៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ០១ក្រុម ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកសុវត្ថិភាព បានធ្វើសកម្មភាពកាប់ វាយ និង គប់ទៅលើម៉ូតូ០២គ្រឿង របស់ជនរងគ្រោះ បណ្តាលឲ្យដួល រួចជនសង្ស័យ បានយក ដាវ កាំបិត និងដំបង មកកាប់ និងវាយ ទៅលើជនរងគ្រោះបណ្តាលឲ្យរងបួស ស្មា ខ្នងដៃ និងជើង យ៉ាងធ្ងន់ធ្ងរ ហើយក៏បន្ត វាយ កាប់ និងលួចយកស្លាកលេខម៉ូតូ របស់ ជនរងគ្រោះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅចំណុច ផ្លូវបេតុង ក្បែរវត្តសែន សុខ ភូមិសែនសុខ១ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ០៩និង៣០នាទី បានធ្វើការចាប់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ សុខ សែម ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ រ៉េត ម៉ុង ហេង ភេទប្រុស អាយុ១៦ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

នាព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាព សរុប២៨នាក់ ព្រមទាំងបាននាំយកអំណោយអនុស្សាវរីយ៍របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីទាំង២៨នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។
បន្ទាប់ពីកម្មវិធីខាងលើបានបញ្ចប់ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយសេនាធិការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអាវុធហត្ថនារី បានចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងនោះរួមមាន ៖ អង្ករ ចំនួន ០៣ការ៉ុង, មី ចំនួន១កេស, ភេសជ្ជៈចម្រុះ ចំនួន ០៣កេស រួមនិងថវិកាចំនួន ៥០ម៉ឺនរៀល ប្រគល់ជូនដល់គ្រួសារលោកវរសេនីយ៍ទោ ស៊ុំ តូលី នាយទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានពលីក្នុងសមរភូមិមុខ ដល់គេហដ្ឋាន ស្ថិតនៅភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលជាអ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី នៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅចំណុច ផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាង បារីអេឡិចត្រូនិចចំនួន៩១ប្រអប់ នាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ៕


នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅអនុវត្តការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ដែលជាថ្នាក់ដឹកនាំ តាមបណ្តាកងឯកភាព ស្ថាប័ន មន្ទីរ ស្រុក ជុំវិញខេត្តសៀមរាប យ៉ាងច្រើនកុះករ។

នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅអនុវត្តការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ដែលជាថ្នាក់ដឹកនាំ តាមបណ្តាកងឯកភាព ស្ថាប័ន មន្ទីរ ស្រុក ជុំវិញខេត្តសៀមរាប យ៉ាងច្រើនកុះករ។


