ព័ត៌មានជាតិ

ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធទី១៧ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងបិណ្ឌទី១០ លោកសេង គន្ធអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ។ព្រមទាំងពុទ្ធបរិស័ទបានចូលរួមកាន់បិណ្ឌទី១០នៅវត្តចាក់អង្រែក្រោមចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។

នាឱកាសនោះ លោកសេង គន្ធរួមជាមួយក្រុមការងារទាំងអស់ បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទាន និងបច្ច័យវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។

ជាមួយគ្នានោះ លោកក៏បានប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យមួយចំនួន សម្រាប់កសាងសមិទ្ធផលនានា នៅវត្តចាក់អង្រែក្រោម។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 

លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីវេលាម៉ោង ១៨៖០០នានី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ សពលោកគ្រូ ស្រេង ផល្លា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ678 ផ្លូវ79BT2 សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក មួយក្រុម អតីតលោកគ្រូ អ្នកគ្រូ រួមមានទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួមគ្នាចូលរួមជាថវិកា តាមសទ្ធារៀងៗខ្លួន ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកគ្រូ ស្រេង ផល្លា និងសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

កាយវិការ ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ មិនមែនទើបតែមានក្នុងពេលលោកគ្រូអស់ព្រះជន្មនោះទេ គឺតែងតែធ្វើជាប់ជាប្រចាំ ចំពោះអតីតលោកគ្រូអ្នកគ្រូគ្រប់ៗគ្នា ដែលលោកកំពុងនៅមានព្រះជន្ម និងជួយដល់មិត្តរួមជំនាន់ដែលជួបការលំបាកហើយខ្វះលទ្ធភាព មកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ហើយកាយវិកា នាពេលនេះ បានទទួលការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីក្រុមគ្រួសារនៃសពផងដែរ៕

 

នៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់វេនទាំងអស់មានចិត្តជ្រះថ្លារួមគ្នានាំយកនូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក៕

 

(កំពង់ចាម): នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារីខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា ថៃ និងសូមឲ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ បានជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្រជាជនយើងបានប្រារព្ធធ្វើបុណ្យទាន តាមប្រពៃណីនានា ដូចបុណ្យកាន់បិណ្ឌនានេះ យើងមិនអាចបំភ្លេចបាននូវគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វិរះយុទ្ធជនយើងបានឡើយ។ ដូចនេះសូមបុណ្យកុសល ដែលបានធ្វើឡើងក្នុងឱកាស នៃថ្ងៃបិណ្ឌទី៣ នេះសូមជូនដល់ដួងវិញ្ញាណក្ខ័នយុទ្ធជន យុទ្ធនារីស្នេហាជាតិដែលពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល និងជាពិសេសចំពោះវីរៈយុទ្ធជនដែលបានពលីជីវិត ក្នុងការការពាទឹកដីក្នុងការប៉ះទង្គិច លើសមរភូមិព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះសូមឲ្យមនុញ្ញផលជួយជូនវិញ្ញាណក្ខ័នទាំងអស់ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាស នៃការអញ្ជើញចូលរូម ក្នុងថ្ងៃកាន់បិណ្ឌទី៦នេះ ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានវេរបច្ច័យប្រគេនព្រះសង្ឃ សម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបានប្រគេនទេយ្យវត្ថុគ្រឿងបរិក្ខារមួយចំនួន ដល់វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្នុងនោះ មានបច្ច័យ សម្រាប់កសាងវត្ត និងបច្ច័យកាន់បិណ្ឌផងដែរ៕

ខេត្តកណ្ដាល ៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថារដ្ឋបាលខេត្តកណ្ដាលនិងផ្អាកការបរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមរាជរដ្ឋាភិបាលក្នុងការបន្តការអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។
ឯកឧត្ដម ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៦ អាណិត្តទី៤ នៅរសៀល ថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម នូ សាខន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ គណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរក្រុង-ស្រុកដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការកាពារសណ្ដាប់ធ្នាប់ក្នុងការរៀបចំដាក់ឱ្យដំណេីរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់4F ក្នុងក្រុងតាខ្មៅ ខេត្ត កណ្ដាល កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងមកនេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាអាកាសយានដ្ឋានតេជោ ដែលជាព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ សូមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ។ យើងទាំងអស់គ្នាត្រូវធ្វើជាគម្រូល្អឱ្យសាកសមជាប្រជាពលរដ្ឋខ្មែរ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។

សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត ទៅលើរបាយការណ៍លទ្ធផលការងារ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ៨របៀបវារៈ សំខាន់ៗ។