ព័ត៌មានជាតិ

 

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដាមូលដ្ឋានខណ្ឌ ឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ ពាក់ព័ន្ធករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូ បង្កសម្លេងរំខានដល់ពលរដ្ឋ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។

+ការបង្ក្រាបករណីទាំង០២រួមមាន៖

-ករណីទី១ ៖ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ម្ចាស់ ០៣នាក់ រួមនឹងម៉ូតូ០៤គ្រឿង នៅចំណុច ផ្លូវអូស៊ីអាយស៊ី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។ បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៤គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ រង់ចាំឲ្យម្ចាស់មកដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៊ាំងធម្មតា ទេីបប្រគល់អោយត្រលប់ទៅវិញ។

-ករណីទី២ ៖ នៅវេលាម៉ោង ១០និង ១០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិទ្រង់មាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភំ្នពេញ និងបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៩-៣០ ខែវិច្ឆកា ឆ្នាំ២០២៥។

 

នារសៀល ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានប្រារព្ធពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅក្នុង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ជាប់និទ្ទេសA ចំនួន០១នាក់ និងនិទ្ទេសB ចំនួន១០នាក់ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងារ គណៈប្រតិភូអមដំណើរ ក្រុមការងារភូមិ-សង្កាត់ព្រែកកំពឹស យុវជនសង្កាត់ លោកនាយក-នាយករងវិទ្យាល័យ និងមាតា បិតា អាណាព្យាបាលសិស្សជាច្រើននាក់។

ឯកឧត្តម រ័ត្ន ស្រ៊ាង បានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សា របស់ក្មួយៗ ដែលបានសម្រេចជោគជ័យនាពេលនេះ ក៏ដូចជាសម្តែងការអបអរសាទរចំពោះលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលកូនក្មួយសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ដែលជាធនធានដ៏មានតម្លៃ មានគុណភាព មានប្រសិទ្ធិភាព ក្នុងការចូលរួមជួយជ្រោមជ្រែងគ្រួសារ បម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ដូច្នេះដើម្បីចូលរួមលើកទឹកចិត្ត ឯកឧត្តម រ័ត្ន ស្រ៊ាង បានធ្វើការផ្តល់ជូននូវរង្វាន់ដូចរាល់ឆ្នាំតាមការសន្យា ដោយសិស្សនិទ្ទេសA ឆ្នាំនេះ មានឈ្មោះ ជឿន សំណាង ភេទប្រុស ទទួលបានម៉ូតូហុងដា វ៉េវ១១០ ស៊ែរីឆ្នាំ២០២៥ ចំនួន០១គ្រឿង ថវិកា២០ម៉ឺនរៀល និងនិទ្ទេសB ចំនួន១០នាក់ ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ០១គ្រឿង ថវិកា២០ម៉ឺនរៀល។

ឯកឧត្តម រ័ត្ន ស្រ៊ាង មានប្រសាសន៍បន្ថែមថា ចាប់តាំងពីឯកឧត្តម បានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ និងបានចុះជួយការងារមូលដ្ឋានក្នុងសង្កាត់ព្រែកកំពឹសរហូតមក ឯកឧត្តម ពិតជាមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្រួសារអ្នកព្រែកកំពឹសស្ទើរដូចសាច់ញាតិទៅហើយ ដោយកន្លងមក ឯកឧត្តម ក៏បានទទួលផ្តល់អំណោយជាប្រចាំរាល់ខែ មាន អង្ករ ថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ចាស់ជរាគ្មានទីពឹងក៏ដូចជាទុរគត់ជន ប្រមាណជាង២០គ្រួសារមកដល់ឥឡូវ រហូតពួកគាត់ខ្លះក៏លែងនៅ រីឯចំពោះបងប្អូនដែលខ្វះលទ្ធភាពហើយឈឺស្កាត់ ឯកឧត្តម តែងបញ្ជូនគ្រូពេទ្យអង្គភាពឲ្យទៅជួយពិនិត្យព្យាបាល ជូនទៅមន្ទីរពេទ្យ និងជួយសម្រួលចេញថ្លៃព្យាបាលឲ្យពួកគាត់ ដោយឡែកគ្រប់គ្រួសារដែលមានពិធីបុណ្យសព ឯកឧត្តម តែងចាត់ក្រុមការងារឲ្យទៅចូលរួមរំលែកទុក្ខនិងចូលរួមថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគក្នុងកម្មវិធីបុណ្យផងដែរ ក្រៅពីនេះឯកឧត្តមក៏ធ្លាប់បង្កើតបរិយាកាសជួបជុំបរិភោគអាហាររួមគ្នាជាមួយអ្នកភូមិនិងមានកម្មវិធីកម្សាន្តសប្បាយជាមួយពួកគាត់ជាញឹកញាប់ ទាំងនេះហើយដែលឯកឧត្តមលើកឡើងថា ពិតជាមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយអ្នកភូមិក្នុងសង្កាត់ព្រែកកំពឹសស្ទើរដូចសាច់ញាតិអញ្ចឹង៕

 

នារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងមានការចូលរួមពី លោក ប៊ុន ណារុំ អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រួមនឹងក្រុមការងារ បាននាំយកអំណោយ ឧបត្ថម្ភ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន១៩គ្រួសារ (មានចំនួន ១២ខ្នងផ្ទះ) ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះហេតុការណ៍អគ្គីភ័យដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិមានចំនួន ១២ខ្នងផ្ទះ ព្រមទាំងបាននាំយកអំណោយចែកជូនក្នុង០១គ្រួសារ ទទួលបាន ៖ អង្ករ០២ការុង, មីជាតិ០២កេស, ទឹកសុទ្ធ០២កេស, កន្ទេល០១ និងភួយ០១ រួមនឹងថវិកា ២០ម៉ឺនរៀល (ដោយឡែកគ្រួសារដែលមានអ្នកស្លាប់ និងរងរបួសទទួលបានថវិកា ១លានរៀល)៕

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី៨-៩ ខែវិច្ឆកា ឆ្នាំ២០២៥។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៥។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៥។

 

ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥, ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។
នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេន របស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕⁩

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខា ដឹកនាំកុ្រមការងារសាខា និងអនុសាខាស្រុកស្អាង ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចូលបុណ្យដល់គ្រួសាររងគ្រោះដោយលង់ទឹកស្លាប់ចំនួន២នាក់ នៅឃុំក្រាំងយ៉ូវ និងម្នាក់ទៀត នៅឃុំព្រែកអំបិល ដល់លំនៅឋានផ្ទាល់នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់គ្រួសារសព។

លោកជំទាវ ស៊្រុន ស្រីនាង បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ដែលត្រូវតែបានគិតគូរ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមមួយដ៏ល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកផ្តល់ជូនដល់ប្រជាជនរងគ្រោះនាពេលនេះជាដើម ទោះបីវាមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនោះដែរ លោកជំទាវ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅរដូវទឹកឡើងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬលេងទឹកឡើយ ដែលអាចបណ្ដើរឱ្យពួកគាត់លង់ទឹកស្លាប់បាន។

លោកជំទាវ ក៏បានផ្តល់នូវការលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តការខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។

សម្ភារៈអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមបុណ្យជនរងគ្រោះក្នុងគ្រួសារនីមួយៗទទួលបានមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ និងថវិកា ៥០ម៉ឺនរៀល។

 

នារសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច ៩ ខែ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា៕