Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដឹកនាំព្រឹត្តិការណ៍សប្បុរសធម៌ រួមកម្លាំងជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ

នាងខ្មៅ 08/19/2026

នាល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការប្រកួតកីឡាមិត្តភាពសប្បុរសធម៌ រវាងក្រុមបាល់ទាត់ ស.ស.យ.ក.អលស្តារ ជាមួយ ក្រុមបាល់ទាត់ រដ្ឋបាលខេត្តកណ្ដាល ក្រោមប្រធានបទ៖«បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ»។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ថ្នាក់ដឹកនាំខេត្ត សិស្សនុសិស្ស ប្រជាពលរដ្ឋខេត្តកណ្ដាល យ៉ាងច្រើនកុះករ នៅឯកីឡាដ្ឋានខេត្តកណ្ដាល។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមទស្សនាការប្រកួតកីឡាមិត្តភាពសប្បុរសធម៌នាពេលនេះគឺចូលរួមចំណែកកៀរគរការចូលរួមបរិច្ចាគថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ។

កិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានសហការគាំទ្រ រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះឡើង។ ឯកឧត្តមបានគូសរំលេចថា ការរៀបចំការប្រកួតនេះ មិនត្រឹមតែជាការជួបជុំ និងប្រកួតកីឡាដើម្បីបង្កើនចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពមនុស្សធម៌ដែលរួមចំណែកប្រមូលថវិកា នាំយកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ព្រមទាំងចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

លើសពីនេះទៅទៀត ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាព ជឿជាក់ និងចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងវីរជនកងទ័ពជួរមុខ តាមរយៈការចូលរួមចំណែកគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដី។

Post navigation

Previous: កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ ការប្រលងបាក់ឌុបដោយជោគជ័យ
Next: អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង!
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.