Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្នុងស្រុកពញាឮ សាទរ ចំពោះការបិទផ្សាយបញ្ចប់នូវទិន្នន័យជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យមានលក្ខណះជាប្រព័ន្ធ

នាងខ្មៅ 08/27/2025

 

ខេត្តកណ្តាល៖ ស្រុកពញាឮ នៃខេត្តកណ្តាល ត្រូវបានប្រកាសបិទផ្សាយបញ្ចប់១០០% នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១៨ភូមិ គឺភូមិថ្នល់ ភូមិចតុទិស ឃុំវិហារលួង ភូមិព្រែកក្តាម១ ភូមិព្រែកក្ដាម២ ឃុំកោះចិន ភូមិខ្លាត្រាំ ភូមិឃ្លាំងស្បែក ភូមិពាមលង្វែក ឃុំកំពង់លួង ភូមិស្លែង ភូមិតាទេព្យ ភូមិត្រពាំងត្រលិត ភូមិពពែ ភូមិតាដៃ ឃុំជ្រៃលាស់ ភូមិស្តុកប្រនួត ភូមិតាពេជ ឃុំឈ្វាំង ភូមិស្រះពោធិ៍ ឃុំផ្សារដែក ភូមិស្តុក ភូមិថ្មី និងភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ សរុបចំនួន១៧ ៣៣៨ក្បាលដី នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេនសាលាស្រុកពញាឮ។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការបិទបញ្ចប់ការវាស់វែងក្បាលដីមានលក្ខណៈជាប្រព័ន្ធ គឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយ។ ការចុះបញ្ជីដីធ្លី មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី បានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី និងធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ។

ឯកឧត្តមបានបន្ថែមថា៖ គណៈកម្មការរដ្ឋបាលបានបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យក្បាលដីកន្លងមក។ ហើយការបិទផ្សាយនេះមានរយៈពេល ១៥ ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយរាប់បញ្ចូលទាំងថ្ងៃ ឈប់សម្រាក ដើម្បីឱ្យភាគីពាក់ព័ន្ធចូលរួមពិនិត្យមើលទិន្នន័យ បញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ បើផុតកំណត់ខាងលើគណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបានបិទផ្សាយជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ ។

ឯកឧត្តមបានបញ្ជាក់ថា៖ ដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅក្នុងស្រុកពញាឮរហូតឈានដល់ការបិទផ្សាយបញ្ចប់នេះ មានភាពល្អប្រសើរ ព្រោះអាជ្ញាធរ មន្ត្រីជំនាញ និងប្រជាពលរដ្ឋចូលរួមសហការគ្នាបានល្អ ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា៖ ស្រុកដែលបាន បិទបញ្ចប់នូវការបិទផ្សាយ ទិន្នន័យក្បាលដី គឺមាន ស្រុកអង្គស្នួល ស្រុកល្វាឯម ស្រុកមុខកំពូល និងស្រុកពញាឮ ហើយការបិទផ្សាយនាពេលនេះគឺជាលើកទី២៥ សម្រាប់ស្រុកពញាឮ និងជាលើកទី៣០២ សម្រាប់ខេត្តកណ្តាល ហើយការបិទផ្សាយនាពេលនេះមានចំនួន១៨ភូមិស្ថិតនៅឃុំវិហារលួង ឃុំកោះចិន ឃុំកំពង់លួង ឃុំជ្រៃលាស់ ឃុំឈ្វាំង ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ មានចំនួន១៧ ៣៣៨ក្បាលដី ៕

Post navigation

Previous: ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅស្រុកព្រៃឈរ
Next: ឯកឧត្តម អ៊ុន ចាន់ដា : យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.