Day: October 20, 2026

 

(កំពង់ចាម)៖ ក្នុងអង្គសន្និបាតបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តឱ្យមន្ទីរជំនាញ រៀបចំខ្លួនចាប់ផ្តើមអនុវត្តយន្តការផ្តល់សេវាអនឡាញជាជំហានៗ ដើម្បីលើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ។ ‎

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

‎នាឧកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ យើងមានមធ្យោបាយផ្សេងៗបន្ថែមលើយន្តការច្រកចេញចូលតែមួយ ក្នុងការផ្តល់សេវាឱ្យកាន់តែប្រសើរ និងកែប្រែរបៀបគ្រប់គ្រងសកម្មភាពផ្តល់សេវាទៅជារបៀបស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដែលស្របនឹងយុទ្ធសាស្ត្រមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

‌‎ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ការដាក់ចេញយន្តការផ្តល់សេវាអនឡាញជាបណ្តើរៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែធ្វើឱ្យការផ្តល់សេវាមានប្រសិទ្ធភាពខ្ពស់ជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញកែប្រែឥរិយាបថរបស់មន្ត្រីរាជការ លើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបង្កើនទំនុកចិត្តរបស់ប្រជាជនលើក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលទាំងមូលផងដែរ។

‌‎អាស្រ័យហេតុនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការអាទិភាវូបនីយកម្មការងារ និងកសាងផែនការសកម្មភាពឱ្យមានភាពជាក់ស្តែង ទៅតាមលទ្ធភាព ដើម្បីចាប់ផ្តើមអនុវត្តយន្តការនេះ ដែលអាចជួយសម្រាលបញ្ហាប្រឈមផ្នែកធនធានមនុស្សបានមួយកម្រិត ដោយអាចស្នើសុំជំនួយគាំទ្រពីក្រុមការងារបរិវិវត្តកម្មឌីជីថលរបស់ក្រសួងក្នុងករណីចាំបាច់។

‎

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ កម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធក្រុងសំពៅពូន និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល (អតីតឡូត៍នេសាទលេខ ១០)។

លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន បានឱ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងវរៈព្រំដែនគោក ៦០៥ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូន បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយក្នុងនោះកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ បានធ្វើការបង្ក្រាបបាន លូស្បៃមុងសរុបចំនួន ១៣៧មាត់, របាំងព្រួលស្បៃមុងសរុបប្រវែង ៩.២០០ម៉ែត្រ, បង្គោលតូច-ធំសរុបចំនួន ២.៣៣៣ដើម និងលែងត្រីចូលបឹងវិញសរុបប្រមាណ ៤៥០គីឡូក្រាម។

លោកអភិបាលក្រុងសំពៅពូន បានឱ្យដឹងទៀតថា៖ ក្រោយកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងនោះនៅនឹងកន្លែងជាក់ស្តែង ព្រមទាំងបានធ្វើការអប់រំ និងណែនាំដល់ប្រជានេសាទរស់នៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ប្រមាណ ៥០នាក់ ឱ្យយល់ដឹងពីច្បាប់ស្តីពីជលផល និងមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬធ្វើការនេសាទក្នុងរដូវហាមឃាត់បន្តទៀតឡើយ ដើម្បីជួយថែរក្សា និងអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋានឱ្យបានគង់វង្ស៕

កម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្រុងសំពៅពូន រឹបអូស និងបំផ្លាញចោលវត្ថុតាងជាច្រើន និងលែងត្រីចូលបឹងវិញជិត ៥០០គីឡូក្រាម