(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ បាន ដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម។
នាឱកាសនោះ ក្រុមការងារក្រសួង សាធារណការ និងដឹកជញ្ជូន រួមនិងថ្នាក់ដឹកនាំខេត្ត បានពិនិត្យពិភាក្សាលើការរៀបចំផ្នែកសោភ័ណភាព ខ្សែលំហរទីធ្លា និងការរៀបចំវេទិកា ដើម្បីធានាបាននូវភាពរៀបរយ និងស្របតាមពិធីការផ្លូវការ។ ជម្រុញការសម្អាតអនាម័យ បរិស្ថាន និងការតុបតែងលម្អតាមដងផ្លូវជាតិលេខ៧ ឱ្យបានស្អាតបាត និងមានរបៀបរៀបរយ។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការគ្នាជិតស្និទ្ធក្នុងការរៀបចំផែនការការពារសន្តិសុខ និងការសម្រួលចរាចរណ៍វាង ដើម្បីជៀសវាងការកកស្ទះនៅថ្ងៃប្រារព្ធពិធី។
បើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការខាងមុខនេះ នឹងក្លាយជាចំណងដៃដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត៕
