នាងខ្មៅ
ខេត្តកណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ ចំពោះខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ដែលបានយកចិត្តទុកដាក់ក្នុងការបណ្ដុះកូនឈើនៅក្នុងថ្នាលបណ្តុះកូនឈើតាខ្មៅបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាកូនឈើទាំងអស់នេះឱ្យបានលូតលាស់ល្អ សម្រាប់ទុកដាំលម្អក្នុងខេត្ត និងសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋានដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ធនធានធម្មជាតិផងដែរ។
ការកោតសរសើរនេះបានធ្វើឡើងក្នុងឱកាស ដែលឯកឧត្ដម គួច ចំរើន បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ ព្រមទាំងមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់ថ្នាលបណ្តុះកូនឈើ និងការបណ្តុះកូនឈើទាល នៅទីតាំងថ្នាលបណ្តុះកូនឈើតាខ្មៅ ដែលមានទីតាំង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវបង្កើនការបណ្តុះកូនឈើចំរុះ ពិសេសកូនឈើទាល និងកូនឈើប្រណីត ឱ្យបានកាន់តែច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន ក្នុងគោលបំណងរួមគ្នាថែរក្សាសម្បត្តិធនធានធម្មជាតិ ចូលរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗ ទុកសម្រាប់មនុស្សជំនាន់ក្រោយ ពិសេសជួយធ្វើឱ្យបរិស្ថានមានភាពស្រស់បំព្រង។
សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ក្នុងឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាលបានបណ្ដុះកូនឈើបានចំនួន ១៦០៤៦៥ ដើម ក្នុងនោះកូនឈើទាលចំនួន មួយសែនដើម ឧបត្ថម្ភថវិកាដោយរដ្ឋបាលខេត្តកណ្ដាល ។ បានបណ្តុះកូនឈើចំនួន ៦០៤៦៥ដើម ឧបត្ថម្ភដោយថវិកាជាតិ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល រួមមាន៖ គ្រញូង ៨ ៥០០ដើម, បេង ៧២៦៥ដើម, ធ្នង់ ៦ ០៥០ដើម, កកោះ ៧ ០០០ដើម, គគីរ ៣ ៥០០ដើម, ឈើទាល ៦ ០០០ដើម, គីនីន ៥ ០៧៥ដើម, ត្របែកព្រៃ ២ ០០០ដើម, មន ១ ៥០០ដើម, ក្ងោក ៩ ០៧៥ដើម, ច័ន្ទគីរី ៥០០ដើម និង កូនឈើហូបផ្លែ (ខ្មែរ, ទៀបស្វិត) ចំនួន ៤ ០០០ដើម។មកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើបានផ្តល់កូនឈើជូនមន្ទីរអង្គភាព ក្រុងស្រុក និងប្រជាពលរដ្ឋទូទៅ បានចំនួន ១១៨៣៥ដើម រួមមាន៖ គ្រញូងចំនួន ១៧៧០ដើម, បេងចំនួន ២៣៧៥ដើម, ធ្នុងចំនួន ១៦៤៥ដើម, កកោះចំនួន ១៤០០ដើម. គីនីនចំនួន ១៩២៥ដើម, ត្របែកព្រៃចំនួន ៤៦០ដើម, ក្ងោកចំនួន ២០៥០ដើម និងកូនឈើហូបផ្លែ (ថ្នុរ) ចំនួន២១០ដើម។

នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំមួយលាន ប្រាំបួនសែន ប្រាំម៉ឺនរៀល (៦,៩៥០,០០០រៀល) និងអង្ករចំនួន២៩ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារ ព្រមទាំងសមាជិកក្នុងមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាង១០ឆ្នាំមកហើយ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម បានថ្លែងលើកទឹកចិត្តដល់សិស្សាទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ចូលរួមកាត់បើកវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា «ត្រូវខិតខំសរសេរឲ្យបានច្រើន ដោយកុំមានការព្រួយបារម្ភអ្វីឡើយ ពោលគឺត្រូវយកអ្វីដែលយើងបានខិតខំពីមុន យកមកបញ្ចេញឲ្យអស់ពីសមត្ថភាពក្នុងពេលប្រឡងនេះ ដើម្បីប្រជែងយកឱ្យបាននូវពិន្ទុល្អ»។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វិញ្ញាសាទាំងអស់នេះគឺត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរខេត្ត គឺពុំមានការបែកធ្លាយនោះទេ។ ដូច្នេះសូមបេក្ខជនកុំបារម្ភ ហើយត្រូវខិតខំធ្វើសំណួរចម្លើយ សរសេរឲ្យបានច្រើន ជៀសវាងការបើកចម្លង និងលួចចម្លងគ្នា។
អភិបាលខេត្តកំពង់ចាមបានយកឱកាសនោះជូនពរដល់សិស្សទាំងអស់សូមឱ្យប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អផងដែរ។
បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩,៦៤១នាក់ មានមណ្ឌលប្រឡងចំនួន ១៥មណ្ឌល ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ១០មណ្ឌល ស្រុកកំពង់សៀម ២មណ្ឌល និងស្រុកជើងព្រៃ ៣មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ០៥មណ្ឌល ស្មើនឹង ១២៧បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០មណ្ឌល ស្មើនឹង ២៦០បន្ទប់ ៕

វេលាម៉ោង១៨:០០នាទី ដល់ ម៉ោង២២:៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការឃាត់ ម៉ូតូ ចំនួន ១៤គ្រឿង និងរថយន្ត ចំនួន ០៣គ្រឿង នៅចំណុច ភូមិ០១ (ប្លុកបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។
កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកម្ចាស់រថយន្ត និងម៉ូតូ ទៅអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ-រថយន្តខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណ:ជនតទៅទៀត ព្រមទាំងបានដកហូតរថយន្ត និងម៉ូតូ រក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រយៈពេល១ខែ ទេីបប្រគល់អោយត្រលប់ទៅវិញ៕


