ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើឡើងថា បញ្ហាជំងឺគ្រុនឈាមនៅតែជាក្តីកង្វល់ និងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ដោយសារករណីអ្នកឆ្លងនៅតែមានជាបន្តបន្ទាប់ ដូច្នេះហើយទើបរដ្ឋបាលខេត្តបានបន្ថែមសម្ភារ និងឧបករណ៍សម្រាប់បាញ់ថ្នាំសម្លាប់មូស ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ សម្រាប់យកទៅប្រើប្រាស់ក្នុងការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងចំគោលដៅក្នុងមូលដ្ឋានរបស់ខ្លួន។
ការលើកឡើងនេះធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូស ជូនរដ្ឋបាលក្រុង-ស្រុកទាំង១៣ ដើម្បីយកទៅប្រើប្រាស់ក្នុងការធ្វើអន្តរាគមន៍បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅតាមមូលដ្ឋាន នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជន ស.ស.យ.ក. និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូប។
ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យរដ្ឋបាលក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការតាមដានស្ថានភាពជំងឺគ្រុនឈាមជាប្រចាំ ហើយត្រូវកំណត់ឱ្យបានច្បាស់ថា អ្នកជំងឺដែលបានរកឃើញមានប្រភពចេញពីភូមិ ឃុំ ឬសង្កាត់ណា ដើម្បីចាត់វិធានការអន្តរាគមន៍ទៅកាន់ទីតាំងនោះជាបន្ទាន់ មួយវិញទៀត បើបានរកឃើញករណីជំងឺគ្រុនឈាមនៅក្នុងភូមិណាមួយ ត្រូវចាត់ក្រុមការងារចុះបាញ់ថ្នាំសម្លាប់មូសឱ្យបានទូលំទូលាយនៅក្នុងភូមិនោះ មិនគួរបាញ់ត្រឹមតែផ្ទះរបស់អ្នកជំងឺមួយខ្នងប៉ុណ្ណោះទេ ព្រោះមូសខ្លាអាចបន្តចម្លងមេរោគទៅកាន់ប្រជាពលរដ្ឋផ្សេងទៀតបាន។
បន្ថែមពីលើនេះ ឯកឧត្តម គួច ចំរើន បានជំរុញឱ្យមន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំចាត់ចែងថ្នាំអាបែត ទៅតាមក្រុង-ស្រុក ដើម្បីឱ្យមូលដ្ឋានអាចប្រើប្រាស់ជាបន្តបន្ទាប់ក្នុងការកម្ចាត់ដង្កូវទឹក និងទប់ស្កាត់ការកើតមានមូសខ្លា ការងារនេះត្រូវអនុវត្តជាប្រចាំ និងមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ សុខាភិបាល និងក្រុមការងារមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ចំពោះឧបករណ៍ដែលបានប្រគល់ជូននាពេលនេះ មិនអាចប្រើប្រាស់សម្រាប់បាញ់គ្របដណ្តប់គ្រប់ទីកន្លែងនៅទូទាំងមូលដ្ឋានបានឡើយ ប៉ុន្តែត្រូវប្រើប្រាស់ជាវិធានការអន្តរាគមន៍ចំគោលដៅ នៅតំបន់ដែលមានការឆ្លងជំងឺគ្រុនឈាម ដើម្បីកាត់ផ្តាច់ខ្សែចម្លង និងទប់ស្កាត់ការរីករាលដាល។ មានន័យថា ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម មិនអាចពឹងផ្អែកតែលើមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ជាពិសេស មិនត្រូវរង់ចាំរហូតដល់មានអ្នកឆ្លងជំងឺ ទើបចាប់ផ្តើមចាត់វិធានការនោះឡើយ តែត្រូវរួមគ្នាបង្ការទុកជាមុន ដើម្បីកុំឱ្យមូសខ្លាអាចបង្កាត់ពូជ និងបន្តចម្លងជំងឺនៅក្នុងសហគមន៍។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្រួសារ ឱ្យចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ដោយត្រូវលុបបំបាត់ប្រភពទឹកដក់នៅជុំវិញផ្ទះ ទាំងមុខផ្ទះ ក្រោយផ្ទះ និងទីតាំងផ្សេងៗ ដូចជា កំប៉ុង ដប សំបកកង់រថយន្ត ឬវត្ថុផ្សេងៗដែលអាចក្លាយជាកន្លែងបង្កាត់ពូជមូសខ្លា។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យយុវជន ស.ស.យ.ក. និងយុវជនពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីវិធីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបមានស្មារតីម្ចាស់ការ និងចូលរួមអនុវត្តវិធានការបង្ការនៅតាមគ្រួសារ និងសហគមន៍។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ជាថ្មីថា ការទប់ស្កាត់ជំងឺគ្រុនឈាម គឺជាការងារដែលត្រូវការការចូលរួមពីគ្រប់ភាគី ដោយអាជ្ញាធរ និងសុខាភិបាលត្រូវចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា នៅទីតាំងដែលមានការឆ្លង ខណៈប្រជាពលរដ្ឋត្រូវចូលរួមលុបបំបាត់ប្រភពបង្កាត់ពូជមូសនៅជុំវិញលំនៅឋានរបស់ខ្លួន ហើយប្រសិនបើគ្រប់ភាគីរួមគ្នាអនុវត្តវិធានការទាំងនេះបានខ្ជាប់ខ្ជួន នោះនឹងអាចរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺគ្រុនឈាមនៅក្នុងខេត្តកណ្ដាលបានប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបផងដែរថា ក្នុងការប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសនេះ គឺក្នុងមួយក្រុង-ស្រុក ទទួលបានម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំចំនួន ១គ្រឿង និងខ្នាតតូចចំនួន ២គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការធ្វើអន្តរាគមន៍បង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមមូលដ្ឋានរៀងៗខ្លួន។

