នាព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងបានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំង ឯកឧត្តម អស់លោកជាគណៈប្រតិភូអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានអនុសាខាបក្ស ប្រធាន-អនុប្រធានក្រុមបក្ស និងសមាជិកយុវជនសង្កាត់ សរុបមានចំនួន ៨៧៩នាក់ (ស្រី៣៧៩នាក់)។
ក្នុងពិធីនោះដែរ លោកចៅសង្កាត់ ក៏បានថ្លែងអំណរគុណ ឯកឧត្តម រ័ត្ន ស៊្រាង ដែលបានជួយឧបត្ថម្ភជាថវិកា និងសម្ភារៈជួយដោះស្រាយបានទាន់ពេលវេលាតាមការស្នើសុំរបស់ក្រុមការងារភូមិសង្កាត់ដូចជា៖ បានផ្តល់ថ្មមិចចាក់ក្រាលផ្លូវដីមួយខ្សែប្រវែង100ម៉ែត្រ នៅស្របជាប់របងសាលាវិទ្យាល័យព្រែកកំពឹស និងជួយជាថវិកាដើម្បីជួលគ្រឿងចក្រចុះកាយប្រឡាយប្រវែង80ម៉ែត្រ ដើម្បីធានារំដោះទឹកចេញពីក្នុងបរិវេណសាលា ព្រមទាំងបានជួយប្រេងម៉ាស៊ូតចំនួន350លីត្រ និងជួលគ្រឿងចក្រអ៊ិចស្កាវ៉ាទ័រ ដើម្បីចុះកាយស្តារប្រឡាយរំដោះទឹកមួយខ្សែ ប្រវែង1,000ម៉ែត្រ ដើម្បីបើកមុខបង្ហូររំដោះទឹកជំនន់ទឹកភ្លៀងដែលហូរចុះពីសង្កាត់ស្ពានថ្ម និងសង្កាត់រលួសបណ្តាលឱ្យលិចលង់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយកអាហារសម្រន់ ភេសជ្ជៈប៉ូការីស្វេត និងជែលបិទបញ្ចុះកម្តៅ ចែកជូនដល់សមាជិក សមាជិកាដែលបានចូលរួមក្នុងកម្មវិធីនាឱកាសនោះគ្រប់ៗគ្នា៕

