Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅស្រុកព្រៃឈរ

នាងខ្មៅ 08/27/2025

(កំពង់ចាម): នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ (កំពង់ចាម-ត្បូងឃ្មុំ) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ ចំនួន៤១៨នាក់ នៅស្រុកព្រៃឈរ ស្ថិតនៅសាលាស្រុកព្រៃឈរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំជឿតាមក្រុមជ្រុលនិយម ដែលតែងតែញុះញង់ បំបាក់ស្មារតីកងទ័ព ធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការឈ្លានពានពីបរទេស ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន សូមជឿជាក់ចំពោះថ្នាកដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រ និងសូមកុំជឿតាមក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែញុះញង់បងប្អូនប្រជាពលរដ្ឋ បំបាក់ស្មារតីកងទ័ព គប់គិតនិងបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានធ្វើការអំពាវនាវយ៉ាងដូច្នេះនៅពេលដែលឯកឧត្តមដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន៤១៨នាក់ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានរំលឹកអំពីមូលហេតុ និងសភាពការណ៍វិវត្តថ្មីៗ នៅតាមបណ្តោយព្រំប្រទល់ជាមួយប្រទេសថៃ។

ទង្វើរបស់ថៃនេះ គឺជាចេតនាឈ្លានពានទឹកដីកម្ពុជាយ៉ាងគឃ្លើននិងសាហាវឃោឃៅបំផុតដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់កម្ពុជា។ យើងមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ យើងចង់បានសន្តិភាព។ ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះព្រំដែននេះ ដោយភាពអត់ធ្មត់ សន្តិវិធី តាមរយៈយន្តការនានា និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ។

ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានវាយតម្លៃខ្ពស់ និងសម្តែងនូវការគោរពចំពោះវីរភាពដ៏អង់អាចក្លាហានមោះមុតរបស់វីរយុទ្ធជនដែលបាននិងកំពុងលះបង់កម្លាំងកាយ ចិត្ត បូជាអាយុជីវិត តស៊ូ អត់ធ្មត់ ក្រាញននៀល ក្នុងការការពារជាតិមាតុភូមិកម្ពុជា និងបានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះស្មារតីស្នេហាជាតិរបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានស្តែងឱ្យឃើញនូវកម្លាំងមហាសាមគ្គីឯកភាពជាតិជាធ្លុងមួយដើម្បីបុព្វហេតុជាតិមាតុភូមិ ពីការឈ្លានពានរបស់កងទ័ពថៃ និងការរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេស ហើយគ្មានអ្នកណាមកស្រឡាញ់ខ្មែរជាងខ្មែរនោះទេ។

មុននឹងបញ្ចប់ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានជួយពន្យល់ណែនាំដល់ពលករយើងដែលត្រឡប់មកពីប្រទេសថៃ ឱ្យប្រកបរបបរកស៊ី ឬធ្វើការនៅក្នុងស្រុកយើងវិញ ប្រសើរជាងទៅធ្វើការនៅស្រុកគេ ដែលទទួលរងការប្រមាថមើលងាយ៕

Post navigation

Previous: ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លើកឡើងថា ការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ត្រូវបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត
Next: ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅស្រុកព្រៃឈរ
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.