Skip to content
នាងខ្មៅញូស៍

នាងខ្មៅញូស៍

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
  • កីឡា
  • អន្តរជាតិ
  • ទស្សនៈ
  • សិល្បៈ-កម្សាន្ត
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត

នាងខ្មៅ 05/31/2025

នាល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុនបានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់របស់ជប៉ុន។ កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាមានភាពរីកចម្រើនជាលំដាប់ និងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជប៉ុននិងកម្ពុជាបានសហការគ្នា ក្នុងការបណ្តុះបណ្តាលលើការដោះមីនមនុស្សធម៌ សម្រាប់អ្នកដោះមីនអ៊ុយក្រែន។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសា កន្លងទៅ ដែលស្របទៅនឹងគោលនយោបាយនៃការបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ជប៉ុនជាមិត្តចាស់ មិត្តដ៏សំខាន់ និងមិត្តជិតស្និទ្ធរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា មកដល់បច្ចុប្បន្ន។ សម្ដេចបវរធិបតីបានថ្លែងបន្តថា ក្នុងរយៈពេល ៧២ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពូនជ្រំ ពង្រឹង និងពង្រីកស្ទើរគ្រប់វិស័យ។ ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅឆ្នាំ២០២៣ គឺជាសក្ខីភាពនៃភាពជឿទុកចិត្ត រវាងប្រទេសទាំងពីរ។

ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, សន្តិសុខ និងការពារជាតិ, ហិរញ្ញវត្ថុ និងធនាគារ, ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់, បរិវត្តកម្មឌីជីថល និងសន្តិសុខសាយប័រ, ថាមពលស្អាត, ព្រមទាំងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈវិស័យអប់រំ, ទេសចរណ៍, និងការហោះហើរត្រង់៕

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចុះពិនិត្យដោយផ្ទាល់នៅទីតាំងដីបន្ទាយថ្មី
Next: សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីបញ្ចប់បេសកកម្មការងារប្រកបដោយជោគជ័យនៅក្រៅប្រទេស រយៈពេល១សប្ដាហ៍
អាសយដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ២៥៣ ផ្លូវលេខជ.២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លេខទំនាក់ទំនង (+855) 12 623 758 | Email: mysopheap9@gmail.com | MoreNews by AF themes.