
ការជម្រុញនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ។
ឯកឧត្តម គួច ចំរើន បន្តថា៖ ការធ្វើទំនើបកម្មឌីជីថលអន្តោប្រវេសន៍ មានគោលបំណងចម្បងធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលបំផុតដល់ភ្ញៀវអន្តរជាតិ វិនិយោគិន និងអ្នកដំណើរទាំងអស់ ដែលចេញ-ចូលតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនេះ ដោយធានាបាននូវ ភាពឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព។ មិនត្រឹតែប៉ុណ្ណោះការផ្ដល់សេវាផ្នែកឆ្លងដែនមានភាពងាយស្រួល គឺដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួម ការគ្រប់គ្រង សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងច្បាប់របស់យើង ដើម្បីរួមចំណែកគាំទ្រផ្នែកទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងផងដែរ។ ទន្ទឹមនឹងនេះច្រកទ្វារអន្តរជាតិជ្រៃធំនេះ ក៏ជាច្រកទ្វាមួយយ៉ាងសំខាន់ ដែលប្រជាពលរដ្ឋរបស់យើងបានឆ្លងដែនទៅរកសេវាសុខាភិបាល ដូចនេះសូមមានការគិតគូរ សម្របសម្រួលឱ្យមានភាពងាយស្រួល និងឆាប់រហ័ស ជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលមានតម្រូវការសេវាសុខាភិបាលនៅប្រទេសជិតខាងផងដែរ។
ឯកឧត្តម គួច ចំរើន បន្ថែមថា៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី អនុវត្តឱ្យបានម៉ឺងម៉ាត់នូវលិខិតបទដ្ឋានគតិយុត្តជាធរមាន រួមមាន៖ អនុក្រឹត្យលេខ ៦៤ ស្តីពីការកំណត់ការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការវិធានការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ។ ត្រូវសហការឱ្យបានជិតស្និទ្ធ ជាមួយ មន្ត្រី កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវការគ្រប់គ្រងច្រកទ្វារប្រកបដោយភាពរលូន និងមានសណ្តាប់ធ្នាប់ល្អ។ បន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៃច្រកទ្វារព្រំដែនអន្តរជាតិខាញ់ប៊ិញ របស់វៀតណាម ដើម្បីរួមគ្នាសម្រួលដល់ការដោះដូរពាណិជ្ជកម្ម ការធ្វើដំណើរចេញ-ចូល និងការដោះស្រាយបញ្ហាប្រឈមនានា ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ យូរអង្វែង» និង «ប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដូចជាការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន ការលួចឆ្លងដែនខុសច្បាប់ និងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដើម្បីរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋទាំងសងខាង។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំប្រឹងប្រែងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមបន្ទាត់ព្រំដែន ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង និងស្មារតីសហការផ្ទៃក្នុងឱ្យបានរឹងមាំ។
ការបង្កើនប្រសិទ្ធភាពការងារជំនាញអន្តោប្រវេសន៍៖ ឯកឧត្ដមបានជំរុញឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេស ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។
ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)៖ ជាពិសេស ឯកឧត្តមអគ្គនាយក បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងវិធានការជំនាញក្នុងការស្រាវជ្រាវ ស្រង់ទិន្នន័យ និងទប់ស្កាត់រាល់សកម្មភាពពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបទល្មើសបច្ចេកវិទ្យាឆ្លងដែនគ្រប់រូបភាព។
ឯកឧត្តមបានសង្កត់ធ្ងន់ថា «កងកម្លាំងនៅតាមច្រកទ្វារព្រំដែន គឺជាស្រទាប់ការពារដំបូងបង្អស់ ដូច្នេះត្រូវតែសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីក្តាប់សភាពការណ៍ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់មុខសញ្ញាជនល្មើស ដែលប្រើប្រាស់ដែនដីកម្ពុជា ឬផ្លូវឆ្លងកាត់ព្រំដែនធ្វើជាឧបករណ៍ប្រព្រឹត្តបទល្មើសអនឡាញ ដើមី្បការពារកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ»។
បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យអង្គភាពច្រកទ្វារព្រំដែន បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធជិតខាង ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការទេសចរណ៍ និងការឆ្លងកាត់ព្រំដែនដោយរលូន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវប្រែក្លាយស្មារតីនៃការទទួលខុសត្រូវថ្មី ឱ្យទៅជាសកម្មភាពជាក់ស្តែងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិដោយភាពទន់ភ្លន់ រហ័សរហួន និងត្រឹមត្រូវតាមច្បាប់។


