នារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច ដែលត្រូវអនុវត្តចំពោះមុខរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរៀនវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារ កាតព្វកិច្ចយោធា ជាច្រើននាក់ទៀតផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់ នាយ-នាយរង ដែលបានចូលរៀនវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា រយៈពេលប៉ុន្មានថ្ងៃមកនេះ ត្រូវផ្តោតយកចិត្តទុកដាក់ប្រឹងប្រែងអភិវឌ្ឍន៍ពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែប្រសើរដើម្បីចូលរួមអនុវត្តការងារកាតព្វកិច្ចយោធា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានចំគោលដៅត្រឹមត្រូវតាមច្បាប់ និងមានប្រសិទ្ធិភាពស្របតាមគោលការណ៍ដែលបានកំណត់របស់ថ្នាក់ដឹកនាំ ព្រោះនេះជាការងារថ្មីទាំងអស់គ្នា និងត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ គោរពបទបញ្ជារបស់ថ្នាក់លើ មានក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានយ៉ាងខ្ជាប់ខ្ជួន។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានណែនាំដល់ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុផងដែរ៕

