Day: June 2, 2026

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសក់សួរសុខទុក្ខ និងបាននាំយកអំណោយ មនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាល មកចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទាំង ៦៤គ្រួសារ ដែលមានទីលំនៅ ក្នុងឃុំជ្រៃលាស់ ឃុំទំនប់ធំ និងឃុំវិហារលួង ស្រុកពញាឮ ។ ពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហការី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំ និងអ្នកឧញ្ញា លោកឧញ្ញា និងសប្បុរជនានាជាច្រើនរូប។

មានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនរងគ្រោះទាំងអស់ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរយ៉ាងក្រៃលែង។ ឯកឧត្តមបានបន្តថា ជានិច្ចកាលសម្តេចប្រធាន តែងតែបានណែនាំជាប្រចាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយពិនិត្យមើលពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ត្រូវតែជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរទូទៅ ពិសេសជនរងគ្រោះដោយសារគ្រោះមន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ផ្ទាល់ដោយគ្មានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម គួច ចំរើន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះ សម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ អ្វីដែលសំខាន់នោះសូមគ្រួសាររងគ្រោះទាំងអស់ សូមបន្តខិតខំរកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ ជីវភាពគ្រួសារ ឱ្យមានភាពប្រសើរឡើងវិញ ទើបជាការប្រសើរ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ នៅក្នុងរដូវវស្សានេះ អាចមានភ្លៀងធ្លាក់ច្រើន ដូចនេះសូមបងប្អូនចូលរួមថែទាំសុខភាពសម្រាប់ក្រុមគ្រួសារជាចម្បង ពិសេសករណីជំងឺគ្រុនឈាមចំពោះកុមារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត ព្រមទាំងប្រុងប្រយ័ត្នផងដែរពីបញ្ហាករណីក្មេងលង់ទឹកស្លាប់ ព្រោះរដូវនេះគឺជារដូវវស្សាមានទឹកច្រើន។

គួររំលឹកផងដែរថា ខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៨ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បង្កផលប៉ះពាល់ដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋសរុប ៦៤ខ្នង ក្នុងនេះ ផ្ទះរលំទាំងស្រុងចំនួន ៣ខ្នង និង ៦១ខ្នងទៀត បានរងគ្រោះប៉ើងដំបូលផ្ទះមានកម្រិតជាមធ្យម និងធ្ងន់ធ្ងរមួយចំនួន ស្ថិតនៅភូមិចំនួន១៧ នៃឃុំចំនួន៣គឺ៖ ឃុំជ្រៃលាស់ ៤៦គ្រួសារ ,ឃុំទំនប់ធំ ១៧គ្រួសារ និងឃុំវិហារលួង ចំនួន ១គ្រួសារ។

ចំពោះសម្ភារអំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តល់ជូន ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ,ឃីតសម្លៀកបំពាក់មនុស្សចាស់ ក្មេង សារុង និងក្រមា ១កញ្ចប់ និងបានផ្តល់បន្ថែមជូនប្រជាពលរដ្ឋរងគ្រោះរលំផ្ទះទាំងស្រុងចំនួន ៣គ្រួសារ ដែលក្នុង១គ្រួសារ កៅស៊ូតង់ចំនួន ១ផ្ទាំង។ ដោយឡែកចំពោះថវិកា សាខាបានឧបត្ថម្ភជូនប្រជាពលរដ្ឋ ៦១គ្រួសារ ដែលរងផលប៉ះពាល់ជាមធ្យម ក្នុង១គ្រួសារៗ ថវិកាចំនួន ២០ម៉ឺនរៀល និង ៣គ្រួសារទៀត ដែលរងគ្រោះរលំផ្ទះទាំងស្រុង បានផ្តល់ថវិកាជូនក្នុងគ្រួសារនីមួយៗ ថវិកាចំនួន ១លានរៀលផងដែរ។

 

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប រួមនិងក្រុមការងារ បានផ្តួចផ្តើមបង្កើតកម្មវិធីហាត់កីឡាបែប Functional Training ដើម្បីលើកកម្ពស់ការហាត់កីឡាដេីម្បីសុខភាពល្អ កាយសម្បទារឹងមាំ និងបង្កើនភាពស្និទ្ធស្នាល រវាងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើឡើងរៀងរាល់ល្ងាចថ្ងៃចន្ទ នៅសួនព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

កងរាជអាវុធហត្ថខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមហាត់ប្រាណក្នុងកម្មវិធីខាងលើឱ្យបានច្រើនកុះករ ដើម្បីនាំមកនូវសុខភាពល្អ បង្ការ និងកាត់បន្ថយពីហានិភ័យពីជំងឺផ្សេងៗ នាំមកនូវសុខុមាលភាពសម្រាប់ប្រជាជនគ្រប់ៗរូប។