Month: April 2026

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌ៧មករា ធ្វើការល្បាតការពារ សន្តិសុខ សុវត្ថិភាព ដើម្បីបង្ការ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសរថយន្ត និងម៉ូតូដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។

 

នារសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់ក្រុមការងារប្រគល់ថវិការឧបត្ថម្ភ និងផ្តាំផ្ញើសួរសុខទុក្ខ ដល់ គ្រួសារ លោកអនុសេនីយ៍ទោ មាស ក្លូតប៊ែកណា ជំនួយការអាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន ហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន ភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

 

ចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រួមទាំង រថយន្ត ០៣គ្រឿង និងម៉ូតូ ១៣គ្រឿង ជាបន្តបន្ទាប់ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌ បានឱ្យម្ចាស់រថយន្ត និងម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូ និងរថយន្តបានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ។

ជាក់ស្តែង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារ នាំយកអំណោយរួមមាន៖ អង្ករ និងថវិកា សម្រាប់រយៈពេល ០៣ខែ ទៅប្រគល់ជូនដល់គ្រួសារ លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដល់គេហដ្ឋាន នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល៕

ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះការ នាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត ហើយករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការបង្ក្រាបជាបន្តបន្ទាប់ជាច្រើនទីតាំងមកហើយ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលា សូមមហាជនចូលរួមសហការណ៍ផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie គ្រប់ពេលវេលា៕