ព័ត៌មានជាតិ

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ភូមិ សរុបចំនួន ៦៤៣៥ ប័ណ្ណ ស្ថិតនៅភូមិជ្រោយតាប៉ា ភូមិស្លាបតាអោន ភូមិចិនកោះ ភូមិកោះបៀ ឃុំគគីរ ភូមិកោះតេជោ និងភូមិកោះតេជោ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តស្លាកែត ភូមិស្លាបតាអោន ឃុំគគី ស្រុកកៀនស្វយ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការសរសើរ ដល់មន្ត្រីសូរិយោដីគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានយ៉ាងល្អប្រសើរ ឈនដល់ការចែកបណ្ណកម្មសិទ្ធិនាឱកាសនេះ ទទឹមនឹងនេះក៏ដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ទើបយើងអាចកសាងឯកសារ និងឈានដល់ការចេញបានកម្មសិទ្ធិជូនដល់កម្មសិទ្ធិករទាំងអស់នាថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងដីធ្លី គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការស្នាក់នៅ និងប្រើប្រាស់តាមតម្រូវការផង និងកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ព្រោះថាការចុះបញ្ជីដីធ្លី ដែលជាការផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋអោយបានលឿនដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របតាមគោលនយោបាយគន្លឹះចំនួន ៣គឺ (ការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ) ដូច្នេះទើបរាជរដ្ឋាភិបាលជំរុញក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់។

ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។
ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងព្រះសង្ឃ ដែលកន្លងមកបានផ្ដល់ការគាំទ្រទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិកា ដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក ជាពិសេសគ្រប់ៗគ្នាមានការគាំទ្រជាស្មារតីទៅដល់កងទ័ពជួបមុខរបស់យើង ក៏ដូចជាការផ្ដល់ការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការនានា ជាមួយប្រទេសជិតខាងពេលកន្លងមកនេះ និងសូមបន្តការគាំទ្រទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ ជូនដល់ដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក នៅតាមព្រំដែនបន្តទៀត។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ ការចុះបញ្ជីដីធ្លីនៅខេត្តកណ្ដាល បានបិទបញ្ចប់នៅស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ក្នុងចុះបញ្ជីចប់បានចំនួន ៦៨ឃុំ/សង្កាត់ លើ១២៧ឃុំ/សង្កាត់, ស្មើនឹងចំនួន៦១០ភូមិ លើ១០១០ភូមិ ស្មើនឹង៦១% នៃភូមិសរុបទូទាំងខេត្តកណ្ដាល។ ក្នុងនោះស្រុកចំនួន៤ បានបិទផ្សាយចប់ជាស្ថាពរ រួមាន៖ស្រុកអង្គស្នួល ស្រុកមុខកំពូល ស្រុកល្វាឯម និងស្រុកពញាឮ ត្រៀមចេញបណ្ណនាពេលខាងមុខ និងកំពុងត្រៀមបិទផ្សាយបន្តស្រុកចំនួន០៧ ចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៥នេះ។

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ទីចាត់ការផែនការ និងវិនិយោគខេត្ត អាជ្ញាធរក្រុង-ស្រុកនិងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំសហការគ្នាបានល្អ ក្នុងការរៀបចំសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ បានរួចរាល់ ទុកត្រៀមសម្រាប់ដាក់ជូនក្រុមប្រឹក្សាធ្វើការពិនិត្យនិងអនុម័តនាពេលខាងមុខ។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អង្គប្រជុំទាំងមូល សូមរួមគ្នាយកចិត្តទុកដាក់ពិនិត្យ និងចូលរួមផ្ដល់ជាមតិយោបល់ ពាក់ព័ន្ធទៅនឹងសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ឱ្យបានលម្អិតបន្ថែមទៀត ជាពិសេសទៅលើថវិកាប្រើប្រាស់ក្នុងការអនុវត្តគម្រោងឱ្យមានលក្ខណៈសមស្រប ធានាដល់ការសាងសង់គម្រោងដែលមានគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់របស់មូលដ្ឋានពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងម្ដងទៀត ដើម្បីលម្អិតឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ចំពោះរាល់គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំគិតគូរនូវរាល់គម្រោងរបស់ខ្លួនដែលបានលើកឡើងឱ្យបានកាន់តែច្បាស់លាស់ថែមទៀត ត្រៀមលើកឡើងជាមតិយោបល់ នៅក្នុងកិច្ចប្រជុំពេលក្រោយទៀតករណីគម្រោងដែលស្នើឡើងមិនទទួលបានការគាំទ្រ ត្រូវបន្តស្នើឡើងនៅឆ្នាំក្រោយទៀត។

សូមជម្រាបថា យោងតាមសេចក្តីព្រាងគម្រោងវិនិយោគខេត្តឆ្នាំ២០២៦ ខេត្តកណ្តាលមានចំនួន ៨៣គម្រោង ក្នុងនោះ ៖ ស្រុកកណ្តាលស្ទឹង ៥គម្រោង ស្រុកកៀនស្វាយ ៥គម្រោង ស្រុកខ្សាច់កណ្តាល ៥គម្រោង ស្រុកកោះធំ ៣គម្រោង ស្រុកលើកដែក ៣គម្រោង ស្រុកល្វាឯម ៣គម្រោង ស្រុកមុខកំពូល ៣គម្រោង ស្រុកអង្គស្នួល ៤គម្រោង ស្រុកពញាឮ ១២គម្រោង ស្រុកស្អាង ៧គម្រោង ក្រុងតាខ្មៅ ១៨គម្រោង ក្រុងសំពៅពូន ៤គម្រោង ក្រុងអរិយក្សត្រ ១០គម្រោង និងគម្រោងក្នុងខេត្តមាន ១គម្រោង។

ខេត្តកណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ ចំពោះខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ដែលបានយកចិត្តទុកដាក់ក្នុងការបណ្ដុះកូនឈើនៅក្នុងថ្នាលបណ្តុះកូនឈើតាខ្មៅបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាកូនឈើទាំងអស់នេះឱ្យបានលូតលាស់ល្អ សម្រាប់ទុកដាំលម្អក្នុងខេត្ត និងសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋានដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ធនធានធម្មជាតិផងដែរ។

ការកោតសរសើរនេះបានធ្វើឡើងក្នុងឱកាស ដែលឯកឧត្ដម គួច ចំរើន បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ ព្រមទាំងមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់ថ្នាលបណ្តុះកូនឈើ និងការបណ្តុះកូនឈើទាល នៅទីតាំងថ្នាលបណ្តុះកូនឈើតាខ្មៅ ដែលមានទីតាំង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវបង្កើនការបណ្តុះកូនឈើចំរុះ ពិសេសកូនឈើទាល និងកូនឈើប្រណីត ឱ្យបានកាន់តែច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន ក្នុងគោលបំណងរួមគ្នាថែរក្សាសម្បត្តិធនធានធម្មជាតិ ចូលរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗ ទុកសម្រាប់មនុស្សជំនាន់ក្រោយ ពិសេសជួយធ្វើឱ្យបរិស្ថានមានភាពស្រស់បំព្រង។

សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ក្នុងឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាលបានបណ្ដុះកូនឈើបានចំនួន ១៦០៤៦៥ ដើម ក្នុងនោះកូនឈើទាលចំនួន មួយសែនដើម ឧបត្ថម្ភថវិកាដោយរដ្ឋបាលខេត្តកណ្ដាល ។ បានបណ្តុះកូនឈើចំនួន ៦០៤៦៥ដើម ឧបត្ថម្ភដោយថវិកាជាតិ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល រួមមាន៖ គ្រញូង ៨ ៥០០ដើម, បេង ៧២៦៥ដើម, ធ្នង់ ៦ ០៥០ដើម, កកោះ ៧ ០០០ដើម, គគីរ ៣ ៥០០ដើម, ឈើទាល ៦ ០០០ដើម, គីនីន ៥ ០៧៥ដើម, ត្របែកព្រៃ ២ ០០០ដើម, មន ១ ៥០០ដើម, ក្ងោក ៩ ០៧៥ដើម, ច័ន្ទគីរី ៥០០ដើម និង កូនឈើហូបផ្លែ (ខ្មែរ, ទៀបស្វិត) ចំនួន ៤ ០០០ដើម។មកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើបានផ្តល់កូនឈើជូនមន្ទីរអង្គភាព ក្រុងស្រុក និងប្រជាពលរដ្ឋទូទៅ បានចំនួន ១១៨៣៥ដើម រួមមាន៖ គ្រញូងចំនួន ១៧៧០ដើម, បេងចំនួន ២៣៧៥ដើម, ធ្នុងចំនួន ១៦៤៥ដើម, កកោះចំនួន ១៤០០ដើម. គីនីនចំនួន ១៩២៥ដើម, ត្របែកព្រៃចំនួន ៤៦០ដើម, ក្ងោកចំនួន ២០៥០ដើម និងកូនឈើហូបផ្លែ (ថ្នុរ) ចំនួន២១០ដើម។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

 

នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំមួយលាន ប្រាំបួនសែន ប្រាំម៉ឺនរៀល (៦,៩៥០,០០០រៀល) និងអង្ករចំនួន២៩ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារ ព្រមទាំងសមាជិកក្នុងមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាង១០ឆ្នាំមកហើយ៕

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម បានថ្លែងលើកទឹកចិត្តដល់សិស្សាទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ចូលរួមកាត់បើកវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា «ត្រូវខិតខំសរសេរឲ្យបានច្រើន ដោយកុំមានការព្រួយបារម្ភអ្វីឡើយ ពោលគឺត្រូវយកអ្វីដែលយើងបានខិតខំពីមុន យកមកបញ្ចេញឲ្យអស់ពីសមត្ថភាពក្នុងពេលប្រឡងនេះ ដើម្បីប្រជែងយកឱ្យបាននូវពិន្ទុល្អ»។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វិញ្ញាសាទាំងអស់នេះគឺត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរខេត្ត គឺពុំមានការបែកធ្លាយនោះទេ។ ដូច្នេះសូមបេក្ខជនកុំបារម្ភ ហើយត្រូវខិតខំធ្វើសំណួរចម្លើយ សរសេរឲ្យបានច្រើន ជៀសវាងការបើកចម្លង និងលួចចម្លងគ្នា។
អភិបាលខេត្តកំពង់ចាមបានយកឱកាសនោះជូនពរដល់សិស្សទាំងអស់សូមឱ្យប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អផងដែរ។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩,៦៤១នាក់ មានមណ្ឌលប្រឡងចំនួន ១៥មណ្ឌល ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ១០មណ្ឌល ស្រុកកំពង់សៀម ២មណ្ឌល និងស្រុកជើងព្រៃ ៣មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ០៥មណ្ឌល ស្មើនឹង ១២៧បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០មណ្ឌល ស្មើនឹង ២៦០បន្ទប់ ៕

 

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូពីជនរងគ្រោះ!

កាលពីវេលាម៉ោងប្រមាណ ០២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម មានគ្នាប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០ គ្រឿង ប្រដាប់ដោយ ដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពកាប់ វាយ និងគប់ លួចយកម៉ូតូ ចំនួន ០១គ្រឿង ម៉ាក Nex ពណ៌ស ឆ្នាំផលិត២០១៧ ស្លាកលេខ ភ្នំពេញ 1GG-9108 ពីជនរងគ្រោះ និងមិត្តភក្តិ មានគ្នា ៦នាក់ ដែលកំពុងអង្គុយនៅតូបលក់អីវ៉ាន់នៅចំណុច ផ្លូវឈ្នះៗ ខាងកើត វិមានឈ្នះៗ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឱ្យអ្នកខ្លះរងរបួស និងខូចខាតម៉ូតូមួយចំនួន រួចក៏នាំគ្នាជិះគេចខ្លួនបាត់តែម្តង។ ទន្ទឹមនឹងនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការការពារនៅវិមានឈ្នះៗ បានធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ លឹម ហេងលាភ ភេទប្រុស ប្រគល់ជូនកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រោយពេលសាកសួរជនសង្ស័យឈ្មោះ លឹម ហេងលាភ រួចមក កម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បន្តការស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ឈ្មោះ ផេង វិច្ឆិកា ភេទប្រុស នៅចំណុច បន្ទប់ជួលលេខ៣០ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១២ និង ២០ នាទី និងបានបន្តពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញកម្លាំងជំនាញអាវុធហត្ថ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ភេទប្រុស ចំនួន ០២នាក់ទៀត ឈ្មោះ សល់ សុវណ្ណ និងឈ្មោះ ចំរើន បញ្ញា នៅចំណុចផ្លូវលំ ភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ រហូតដល់វេលាម៉ោងប្រមាណ ១៧ និង ៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបន្តសហការជាមួយនិងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ ហ៊ុល វណ្ណៈសុផា ហៅ ង៉ោល ភេទប្រុស នៅចំណុច ផ្លូវ១០៣កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនមក ការិយាល័យជំនាញកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1JX-8982, បំពង់ទីប ០១ដើម, ដុំថ្ម០៥ដុំ រួមនឹងសម្ភារៈមួយចំនួនទៀត

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ពិតជាបានធ្វើសកម្មភាពយកដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពវាយ គប់ លួចយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូពីជនរងគ្រោះ!