នាងខ្មៅ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ទីចាត់ការផែនការ និងវិនិយោគខេត្ត អាជ្ញាធរក្រុង-ស្រុកនិងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំសហការគ្នាបានល្អ ក្នុងការរៀបចំសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ បានរួចរាល់ ទុកត្រៀមសម្រាប់ដាក់ជូនក្រុមប្រឹក្សាធ្វើការពិនិត្យនិងអនុម័តនាពេលខាងមុខ។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អង្គប្រជុំទាំងមូល សូមរួមគ្នាយកចិត្តទុកដាក់ពិនិត្យ និងចូលរួមផ្ដល់ជាមតិយោបល់ ពាក់ព័ន្ធទៅនឹងសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ឱ្យបានលម្អិតបន្ថែមទៀត ជាពិសេសទៅលើថវិកាប្រើប្រាស់ក្នុងការអនុវត្តគម្រោងឱ្យមានលក្ខណៈសមស្រប ធានាដល់ការសាងសង់គម្រោងដែលមានគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់របស់មូលដ្ឋានពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងម្ដងទៀត ដើម្បីលម្អិតឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ចំពោះរាល់គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំគិតគូរនូវរាល់គម្រោងរបស់ខ្លួនដែលបានលើកឡើងឱ្យបានកាន់តែច្បាស់លាស់ថែមទៀត ត្រៀមលើកឡើងជាមតិយោបល់ នៅក្នុងកិច្ចប្រជុំពេលក្រោយទៀតករណីគម្រោងដែលស្នើឡើងមិនទទួលបានការគាំទ្រ ត្រូវបន្តស្នើឡើងនៅឆ្នាំក្រោយទៀត។

សូមជម្រាបថា យោងតាមសេចក្តីព្រាងគម្រោងវិនិយោគខេត្តឆ្នាំ២០២៦ ខេត្តកណ្តាលមានចំនួន ៨៣គម្រោង ក្នុងនោះ ៖ ស្រុកកណ្តាលស្ទឹង ៥គម្រោង ស្រុកកៀនស្វាយ ៥គម្រោង ស្រុកខ្សាច់កណ្តាល ៥គម្រោង ស្រុកកោះធំ ៣គម្រោង ស្រុកលើកដែក ៣គម្រោង ស្រុកល្វាឯម ៣គម្រោង ស្រុកមុខកំពូល ៣គម្រោង ស្រុកអង្គស្នួល ៤គម្រោង ស្រុកពញាឮ ១២គម្រោង ស្រុកស្អាង ៧គម្រោង ក្រុងតាខ្មៅ ១៨គម្រោង ក្រុងសំពៅពូន ៤គម្រោង ក្រុងអរិយក្សត្រ ១០គម្រោង និងគម្រោងក្នុងខេត្តមាន ១គម្រោង។

ខេត្តកណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ ចំពោះខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ដែលបានយកចិត្តទុកដាក់ក្នុងការបណ្ដុះកូនឈើនៅក្នុងថ្នាលបណ្តុះកូនឈើតាខ្មៅបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាកូនឈើទាំងអស់នេះឱ្យបានលូតលាស់ល្អ សម្រាប់ទុកដាំលម្អក្នុងខេត្ត និងសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋានដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ធនធានធម្មជាតិផងដែរ។

ការកោតសរសើរនេះបានធ្វើឡើងក្នុងឱកាស ដែលឯកឧត្ដម គួច ចំរើន បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ ព្រមទាំងមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់ថ្នាលបណ្តុះកូនឈើ និងការបណ្តុះកូនឈើទាល នៅទីតាំងថ្នាលបណ្តុះកូនឈើតាខ្មៅ ដែលមានទីតាំង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវបង្កើនការបណ្តុះកូនឈើចំរុះ ពិសេសកូនឈើទាល និងកូនឈើប្រណីត ឱ្យបានកាន់តែច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន ក្នុងគោលបំណងរួមគ្នាថែរក្សាសម្បត្តិធនធានធម្មជាតិ ចូលរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗ ទុកសម្រាប់មនុស្សជំនាន់ក្រោយ ពិសេសជួយធ្វើឱ្យបរិស្ថានមានភាពស្រស់បំព្រង។

សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ក្នុងឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាលបានបណ្ដុះកូនឈើបានចំនួន ១៦០៤៦៥ ដើម ក្នុងនោះកូនឈើទាលចំនួន មួយសែនដើម ឧបត្ថម្ភថវិកាដោយរដ្ឋបាលខេត្តកណ្ដាល ។ បានបណ្តុះកូនឈើចំនួន ៦០៤៦៥ដើម ឧបត្ថម្ភដោយថវិកាជាតិ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល រួមមាន៖ គ្រញូង ៨ ៥០០ដើម, បេង ៧២៦៥ដើម, ធ្នង់ ៦ ០៥០ដើម, កកោះ ៧ ០០០ដើម, គគីរ ៣ ៥០០ដើម, ឈើទាល ៦ ០០០ដើម, គីនីន ៥ ០៧៥ដើម, ត្របែកព្រៃ ២ ០០០ដើម, មន ១ ៥០០ដើម, ក្ងោក ៩ ០៧៥ដើម, ច័ន្ទគីរី ៥០០ដើម និង កូនឈើហូបផ្លែ (ខ្មែរ, ទៀបស្វិត) ចំនួន ៤ ០០០ដើម។មកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើបានផ្តល់កូនឈើជូនមន្ទីរអង្គភាព ក្រុងស្រុក និងប្រជាពលរដ្ឋទូទៅ បានចំនួន ១១៨៣៥ដើម រួមមាន៖ គ្រញូងចំនួន ១៧៧០ដើម, បេងចំនួន ២៣៧៥ដើម, ធ្នុងចំនួន ១៦៤៥ដើម, កកោះចំនួន ១៤០០ដើម. គីនីនចំនួន ១៩២៥ដើម, ត្របែកព្រៃចំនួន ៤៦០ដើម, ក្ងោកចំនួន ២០៥០ដើម និងកូនឈើហូបផ្លែ (ថ្នុរ) ចំនួន២១០ដើម។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡង៖ ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

 

នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំមួយលាន ប្រាំបួនសែន ប្រាំម៉ឺនរៀល (៦,៩៥០,០០០រៀល) និងអង្ករចំនួន២៩ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារ ព្រមទាំងសមាជិកក្នុងមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាង១០ឆ្នាំមកហើយ៕

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម បានថ្លែងលើកទឹកចិត្តដល់សិស្សាទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ចូលរួមកាត់បើកវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា «ត្រូវខិតខំសរសេរឲ្យបានច្រើន ដោយកុំមានការព្រួយបារម្ភអ្វីឡើយ ពោលគឺត្រូវយកអ្វីដែលយើងបានខិតខំពីមុន យកមកបញ្ចេញឲ្យអស់ពីសមត្ថភាពក្នុងពេលប្រឡងនេះ ដើម្បីប្រជែងយកឱ្យបាននូវពិន្ទុល្អ»។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វិញ្ញាសាទាំងអស់នេះគឺត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរខេត្ត គឺពុំមានការបែកធ្លាយនោះទេ។ ដូច្នេះសូមបេក្ខជនកុំបារម្ភ ហើយត្រូវខិតខំធ្វើសំណួរចម្លើយ សរសេរឲ្យបានច្រើន ជៀសវាងការបើកចម្លង និងលួចចម្លងគ្នា។
អភិបាលខេត្តកំពង់ចាមបានយកឱកាសនោះជូនពរដល់សិស្សទាំងអស់សូមឱ្យប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អផងដែរ។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩,៦៤១នាក់ មានមណ្ឌលប្រឡងចំនួន ១៥មណ្ឌល ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ១០មណ្ឌល ស្រុកកំពង់សៀម ២មណ្ឌល និងស្រុកជើងព្រៃ ៣មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ០៥មណ្ឌល ស្មើនឹង ១២៧បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០មណ្ឌល ស្មើនឹង ២៦០បន្ទប់ ៕